ការស្វែងយល់ពីប្រទេសនិងប្រជាជនកម្ពុជា

សម្រាប់ភ្ញៀវដែលចង់ស្វែងយល់ពីតំបន់​ជនបទនៃប្រទេសកម្ពុជាក្នុងអំឡុងពេលដែលពួកគាត់ស្នាក់នៅ យើងក៏មាន​ផ្តល់ជូននូវសកម្មភាពផ្សេងៗនិងដំណើរទេសចរណ៍ ដើម្បីឲ្យភ្ញៀវរបស់យើង​អាចស្វែង​យល់​ពីវប្បធម៌ក្នុងស្រុក និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់។

បរិវេណអង្គការតុកកែញញឹមកម្ពុជា

ដំណើរទស្សន​កិច្ច​​ស្វែងយល់ពី​គម្រោង​ផ្សេងៗ​របស់​អង្គ​ការ​តុក​កែ​ញញឹម​លើ​ផ្ទៃ​ដី​១៥០ហិកតាគឺជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ នៅទីនេះ ភ្ញៀវទទួលបានការយល់ដឹងលម្អិត​ចំពោះគម្រោងគំរូជាច្រើនរបស់របស់​អង្គ​ការ​តុក​កែ​ញញឹម​​និងទស្សនាសាលារៀនគំរូ​របស់​យើង​ផងដែរ។​

វត្តបុរាណនៅលើកំពូលភ្នំ

ចម្ងាយ​ប្រហែល២៥គីឡូម៉ែត្រភាគខាងលិចរីស្សត​របស់​យើង មាន​វត្តអារាមព្រះពុទ្ធសាសនានិងទីសក្ការអាយុកាល​៥០០ឆ្នាំ​មក​ហើយ​ ស្ថិត​នៅលើភ្នំមួយដែលអាចមើលឃើញពីចម្ងាយ។ ការទៅទស្សនាកន្លែងមួយនេះពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ជា​ពិសេស​នៅពេលល្ងាចថ្ងៃ​រាប​លិច ដែលអាច​អោយ​យើង​មើល​ឃើញ​ទិដ្ឋភាព​ជុំ​វិញ​ភ្នំ​ជាមួយ​ទេស​ភាព​ដ៏​​ស្រស់​ត្រកាល​ពេញ​ដោយ​ពន្លឺ​ពណ៏ស្រទន់​ ។

ភូមិបណ្ដែតទឹក

ធ្វើដំណើរប្រហែលមួយម៉ោងពីរីស្សតឆ្ពោះ​ទៅ​ភាគ​ខាង​ជើង​ប្រ​ទេស​កម្ពុ​ជា ​អ្នកនឹង​ទៅដ​ល់​ទី​រួម​ខេត្ត​កំពង់​ឆ្នាំង។​ ពេលទៅដល់ទី​នោះ​ ​យើង​អាចធ្វើ​ដំ​ណើរ​ដោយ​ទូក​ឆ្ពោះទៅតំបន់អភិរក្សជីវៈចម្រុះបឹងទន្លេសាប ដែលទទួល​ស្គាល់​ដោយ​អង្គការយូណេស្កូ ហើយអ្នក​នឹង​ឃើញ​ភូមិបណ្តែតទឹក​បែប​ប្រពៃណី ជាទីទាក់ទាញរបស់​ភ្ញៀវ​ទេស​ចរណ៏​ក្នុងការស្វែងយល់​អំពីជីវភាពរស់នៅ​របស់ប្រជាជននៅទីនោះ​។

បណ្ដុំរោងចក្រផលិតសម្លៀកបំពាក់

សម្លៀកបំពាក់ ស្បែកជើង និង កាបូប​ជា​ច្រើន​ត្រូវ​បាន​ផលិត​ចេញ​ពី​​រោងចក្រធំៗ​នៅក្នុង​ប្រ​ទេស​ ដែល​ជា​ទំនិញ​នាំចេញដ៏សំខាន់បំផុតរបស់កម្ពុជា។ នៅក្នុងដំណើរ​ទស្សនាទៅកាន់តំបន់រោងចក្រតាមបណ្ដាជាយក្រុងទាំងនោះ ភ្ញៀវរបស់យើងបានស្វែងយល់អំពីស្ថានភាពជាក់ស្ដែងដែលកម្មករជាស្ត្រីភាគច្រើនបានជួបប្រទះក្នុង វិស័យនេះ ហើយដែលផលិតផលទាំងអម្បាលមានត្រូវបាន​ដាក់​លក់​នៅ​ក្នុង​ហាងនានាជុំវិញពិភពលោក។ វា​ជា​ទស្សនីយភាពមួយដែលយើងគួរពិចារណា។​

រមនីយដ្ឋានភ្នំឧដ្ដុង្គ

ចាប់ពីដើមសតវត្សទី១៧ ដល់ឆ្នាំ១៨៦៦ ឧដុង្គគឺ​ជារាជធានីនៃប្រទេសកម្ពុជា។ ពេលនោះគឺជា​សម័យកាលមួយដែល​គេ​ហៅ​ថា “យុគងងឹត” នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា​។ ទីនោះជាទីបញ្ចុះសពនៃព្រះរាជវង្សានុវង្សរបស់អតីតព្រះមហាក្សត្រខ្មែរ ដោយបន្សល់ទុកនូវតឹកតាងដូចជា​ចេតិយ និងទីសក្ការជាច្រើននៅកន្លែងនោះ។ ​ភ្ញៀវ​ជាតិ​និងអន្តរ​ជាតិនិយមទៅទស្សនាទីនោះជាហូរហែរ។

ទឹកធ្លាក់អន្លង់ស្វាយ

ទឹកធ្លាក់អន្លង់ស្វាយមានចម្ងាយប្រហែល៧០គីឡូម៉ែត្រពីផ្ទះកសិដ្ឋាន។ រមនីយដ្ឋានធម្មជាតិនេះ​ស្ថិត​ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។ ជាមួយនឹង​សម្រស់ធម្មជាតិ​ ទឹកធ្លាក់នេះទីកម្សាន្តពិតប្រាកដមួយហើយ​​​ពួកយើងរីករាយនឹងនាំភ្ញៀវទៅកម្សាន្ដ ញ៉ាំអាហារ និងហែលទឹក។ សូមកុំភ្លេចយកម៉ាស៊ីនថតរូប​រ​បស់អ្នកទៅជាមួយផង!

ការដើរគោះអង្ក្រងយកពង

អង្ក្រងនិងពងរបស់​វាគឺគ្រឿង​ផ្សំ​​ម្ហូបខ្មែរមួយ​មុខ​ដែលមានរសជាតិឆ្ងាញ់! ក្នុងការដើរទស្សនា​នេះ​ ភ្ញៀវរបស់យើងនឹងធ្វើដំណើរទៅ​ជាមួយ​ប្រ​ជា​ជន​ដែល​រស់​នៅ​ក្នុង​​ភូមិ ដើម្បី​រុក​រក​​សំបុកអង្ក្រងនិងស្វែងយល់ពីជីវភាពនៅតាម​ទី​ជនបទរបស់​ប្រ​ជា​ជន​កម្ពុជា។​

ការធ្វើស្ករត្នោតរបស់អ្នកភូមិ

អនុផលដើម​ត្នោត​គឺជា​ផលិតផល​សំខាន់​សំរាប់​ប្រ​ជា​ជន​រស់​នៅ​ជន​បទ​ប្រ​ទេស​កម្ពុ​ជា។​ ក្នុងដំណើរកម្សាន្តទៅកន្លែងផលិតស្ករត្នោត យើងនឹងនាំលោកអ្នកទៅផ្ទះ​របស់​គ្រួសារមួយដែលស្ថិតនៅជិតរីស្សត​។​ ភ្ញៀវរបស់យើងនឹងទទួលបានបទពិសោធន៍ពីរបៀបដែលគេឡើងយកទឹកត្នោតកម្ពស់ខ្ពស់​ប្រ​ហែល​២០ម៉ែត្រមកកូរធ្វើជាស្ករ។ រូបភាពនេះ​គឺបង្ហាញអោយឃើញអំពីជីវិតតស៊ូរបស់អ្នកភូមិនៅជនបទក្នុងប្រទេស។

ការរៀនធ្វើម្ហូប“ម្ហូបខ្មែរច្នៃប្រឌិតថ្មី”

នៅក្នុងបរិយាកាសដ៏ពិសេសនៃផ្ទះវីឡារបស់ស្ថាបនិកនៅក្បែររីស្សត ភ្ញៀវរបស់យើងមានឱកាសស្វែង​យល់​អំពីអាថ៌កំបាំងនៃម្ហូបខ្មែរនៅក្នុងការបង្រៀនធ្វើម្ហូបបង្កើតដោយមេចុងភៅ ម៉ារីយ៉ា​ អ៊ុន នួន ។ ការរៀនធ្វើម្ហូបគឺគួរ​អោយ​ចាប់​អារម្មណ៏​ បន្ថែម​ចំ​នេះ​ដឹង និង​​ បាន​ភ្លក្ស​ម្ហូប​ដ៏​ឈ្ងុ​ញ​ឆ្ងាញ់​។